Wednesday, October 8, 2014

ហោជាងនៅប្រាសាទព្រះខ័នជាវិហារសួគ៌ដ៍ពិសិដ្ឋ - The Heaven Entrance of Preah Khan Temple

ដំបូងយើងសូមបង្ហាញហោជាងមួយនៅប្រាសាទព្រះខ័ន។​ ហោជាងនេះចែកចេញជា២ផ្នែក តែខ្ញុំសូមលើកតែផ្នែកដែលសំខាន់មកបង្ហាញនៅក្នុងហោជាងដូចរូបខាងលើ។ ទេពប្រុសដែលនៅចំកណ្តាលនោះ គឺព្រះឥសូរ ដ្បិតបើយើងក្រឡេកមើលទេពប្រុស២អង្គ ដែលអង្គុយនៅសងខាង នោះយើង នឹងអាចស្គាល់បានថា រូបទេពដែលនៅខាងស្តំា​គឺជារូបព្រះព្រហ្ម។ យើងអាចដឹងបានដោយសារព្រះអង្គមានព្រះភក្ត្រ៤។ ចំណែកឯនៅខាងឆ្វេងគឺព្រះនារាយណ៍ ដ្បិតព្រះអង្គកាន់ដុំមូលក្នុងព្រះហស្ត។ ទិដ្ឋភាពដែលព្រះឥសូរគង់នៅកណ្តាលដោយមានព្រះនារាយណ៍ និង ព្រះព្រហ្មនៅសងខាងបែបនេះ មានបង្ហាញនៅតាមចម្លាក់ប្រាសាទជាច្រើន។ នៅពីលើព្រះនារាយណ៍និងព្រះព្រហ្ម មានទេពស្រី៣អង្គទៀតហោះពីលើ។ នៅចន្លោះទេពស្រីទំាង៣អង្គ សិល្បករបានឆ្លាក់ជាស្នាមស្លឹកឈើជាច្រើន ហាក់ដូចចង់បង្ហាញថាជាភ្នំ។ ចំណែកនៅចំពីលើព្រះកេសព្រះឥសូរ សិល្បករឆ្លាក់ជាស្នាមអង្កាញ់២ផ្នត់នៅចំពីលើផ្នួងសក់។ ខ្ញុំយល់ថាស្នាមអង្កាញ់ដែលសិល្បការឆ្លាក់នៅលើព្រះកេសព្រះឥសូរ គឺតំណាងអោយខ្សែទឹករបស់ទន្លេគង្គាដែលហូរពីស្ថានសួគ៌មកទើរលើព្រះកេសទ្រង់។ តាមធម្មតា
សិល្បករតែងឆ្លាក់រូបព្រះចន្ទ្រនៅលើព្រះកេសព្រះឥសូរ។ ប៉ុន្តែដូចបានពោលពីខាងដើមមុននេះបន្តិចហើយថា សិលាចារឹកដំណាក់ស្តេច និយាយអំពីព្រះឥសូរទ្រព្រះចន្ទ្រ និង ទន្លេគង្គាស្តិតនៅពេលជាមួយគ្នា។ ម្លោះហើយ ហេតុដែលមិនឃើញព្រះចន្ទ្រនៅទីនេះ ដោយសារតែទន្លេគង្គាបានហូរកាត់ ហើយបំាងព្រះចន្ទ្របាត់ទៅ។ ស្នាមដែលខ្ញុំយល់ថាជាការតំណាងអោយទន្លេគង្គានេះ អាចធ្វើអោយយើងច្រឡំជាមួយនឹងពាក្យ (ឧម) ដែលជាពាក្យសម្រាប់សូត្រផ្តើម និង បញ្ចប់នៃគម្ពីរផ្សេងៗហើយក្រោយមកពាក្យ (ឧម)ក៍ក្លាយជាពាក្យតំណាងអោយទេពសំខាន់ទំាង៣ក្នុងព្រហ្មញ្ញសាសនា។ សន្និដ្ឋានបែបនេះ ដ្បិតទិដ្ឋភាពព្រះឥសូរដែល មានអក្សរ (ឧម) នៅពីលើផ្នួងសក់មានបង្ហាញលើប្រតិមាសំរឹទ្ឋច្រើន។ ដកស្រង់ពីសៀវភៅ ព្រះគង្គា នគរវត្តគ្រឹះស្ថានបោះពុម្ពផ្សាយ អ៊ូគង្គា។ ៩ តុលា ២០១៤

No comments:

Post a Comment